>សិស្សខ្មែរសុរិន្ទបោះជំរំរៀនភាសាខ្មែរ

15 ខែមករា 2011 § បញ្ចេញមតិ

>ដោយ ឡេង ម៉ាលី
2010-12-27

កាលពីពេលថ្មីៗ នេះ មន្ត្រីអប់រំខេត្តសុរិន្ទ បានដឹកនាំការ​បោះ​ជំ​រំ​សិស្ស​សា​លា​មួយ​នៅ​ក្បែរ​ព្រំ​ដែន​ខ្មែរ។
កុមារីខ្មែរសុរិន្ទរៀនអក្សរខ្មែរនៅមជ្ឈមណ្ឌលភាសា 
និងអារ្យធម៌នៅខេត្តសុរិន្ទ ប្រទេសថៃ

អក្សរ និងភាសាខ្មែរ ជាវិញ្ញាសាសិក្សាមួយ ដែលមានការចាប់អារម្មណ៍​នៅ​ក្នុង​ខេត្ត​បី ដូច​ជា​ខេត្ត​សុរិន្ទ បុរី​រ៉័ម និង​ស៊ី​សា​កេត។ ក្រៅ​ពី​ការ​អប់​រំ​ក្នុង​សា​លា ក៏​មាន​ការ​បង្រៀន​តាម​បែប​ថ្នាក់​អក្ខរ​កម្ម​នៅ​ក្រៅ​សា​លា​ផង​ដែរ។

ចាងហ្វាងសាលារៀនឈ្មោះ ប្រាសាទវិទ្យ៉ាខាន ក្នុងស្រុកប្រាសាទ ខេត្ត​សុរិន្ទ លោក ផៃ​ចៈ​យ៉ុន ចាន់​តៈ​ខេត ថ្លែង​ឱ្យ​ដឹង​ថា មាន​គ្រូ​បង្រៀន និង​សិស្ស​ថៃ​កម្រិត​មធ្យម​សិក្សា​ចំនួន ៤០០​​នាក់ បាន​នាំ​គ្នា​បោះ​ជំ​រំ​សិក្សា​ភា​សា​ខ្មែរ​មួយ នៅ​ព្រៃ​ភ្នំ​សា​លា​ជួរ​ភ្នំ​ដង​រែក ក្បែរ​ព្រំ​ដែន​កម្ពុជា​-​ថៃ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ។

លោក ផៃចៈយ៉ុន ចាន់តៈខេត មានប្រសាសន៍ថា ការបោះជំរំពីថ្ងៃទី១៩ ដល់ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១០ គឺ​ក្នុង​គោល​បំ​ណង​ជំ​រុញ​ការ​អប់​រំ​អំ​ពី​ភា​សា និង​អារ្យ​ធម៌​ខ្មែរ ដល់​សិស្ស​សា​លា ដើម្បី​ភាព​សុខ​សាន្ត​រវាង​ប្រ​ជា​ជាតិ​ជិត​ខាង​ទាំង​ពីរ ៖ “យើង បាន​នាំ​សិស្ស​យើង​មក​រៀន​អារ្យ​​ធម៌​ខ្មែរ អក្សរ​ខ្មែរ បាន​យើង​ធ្វើ​ការ​រក​ស៊ី​ខាង​ខ្មែរ និង​ថៃ ទាក់​ទង​គ្នា​ឱ្យ​ល្អ​ជុំ​គ្នា។ រួម​ទាំង​អស់ ៤០០​ជាង​។ កូន​សិស្ស ៣៥០​នាក់ គ្រូ ៦០​នាក់។ មក​ពី ២៤​សា​លា និង ៣​ខេត្ត គឺ​ខេត្ត​ស៊ី​សា​កេត សុ​រិន្ទ និង​ប៊ុរី​រ៉័ម ខេត្ត​ដែល​ជាប់​នឹង​បង​ប្អូន​យើង​ខាង​ណេះ។ ព្រំ​ដែន​ជាប់​គ្នា”។

ប្រធានមជ្ឈមណ្ឌលភាសា និងវប្បធម៌ខ្មែរ លោក ប្រៈដែង ប៊ុនរឿង គុជៈម៉ា បញ្ជាក់​ថា ការ​បោះ​ជំ​រំ​សិក្សា​នេះ គេ​ឱ្យ​​ឈ្មោះ​ថា “ជំរំ​អារ្យ​ធម៌​ខ្មែរ”។ លោក ប៊ុន​រឿង ថ្លែង​បន្ត​ថា “ជំរំ​អារ្យ​ធម៌​ខ្មែរ” នោះ គេ​បែង​ចែក​ចំនួន ១៥​ជំ​រំ​តូចៗ ដើម្បី​បង្រៀន​ភា​សា​ខ្មែរ​ទៅ​តាម​ប្រ​ធាន​បទ​ផ្សេងៗ គ្នា ៖ “​ការ​រៀន​សូត្រ​ដែល​យើង​រៀប​ចំ​នោះ គឺ​មាន ១៥​កន្លែង ហើយ​ទាក់​ទង​រឿង​ភា​សា​ខ្មែរ​ទាំង​អស់ ដូច​ជា​ថា ជំរំ​ទី​មួយ ទាក់​ទង​រាង​កាយ ដូច​ជា​ថា​ក្នុង​រាង​កាយ​មាន​អី​ខ្លះ? មាន​ដៃ ជើង មាន​អី​ទាំង​អស់នោះ​ឱ្យ​សិស្ស​បាន​ដឹង”។

លោក ប៊ុនរឿង គុជៈម៉ា មានប្រសាសន៍ទៀតថា នៅក្នុងការបង្រៀនភាសាខ្មែរ​នេះ គឺ​បាន​ចាប់​ផ្តើម​បង្រៀន​ពី​ពាក្យ​សំ​ខាន់ៗ ដែល​ត្រូវ​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​មួយ​ចំនួន ទាំង​នៅ​ក្នុង​រង្វង់​គ្រួ​សារ និង​សហ​គមន៍ ជា​ពិ​សេស​ពាក្យ​សំ​គាល់​សមា​ជិក​គ្រួ​សារ។ លោក ប៊ុន​រឿន លើក​ពន្យល់​បន្ថែម ៖ “ទី២ ទាក់​ទង​នឹង​គ្រួ​សារ ម៉ែ​ឪ មីង​មា បង​ប្អូន ចាស់​ទុំ ដូន​តា​ជា​ដើម។ កូន​ក្មួយ ម៉ែ​ក្មេក ឪ​ក្មេក ជា​ដើម ហើយ​យើង​មាន​ការ​អធិ​ប្បាយ​ពាក្យ​និមួយៗ ឱ្យ​ជ្រះស្រ​ឡះ ឱ្យ​សិស្ស​បាន​ដឹង​ផង។ ឯក​សារ​នោះ​យើង​សរ​សេរ​ទាំង​ភា​សា​ថៃ ទាំង​ភា​សា​ខ្មែរ ហើយ​វិធី​អាន​ជា​ភា​សា​ថៃ​ផង”។

សិស្សសាលាថ្នាក់ទី១០ មួយរូប មកពីសាលារៀនគោកខ័ណ្ឌ ខេត្តស៊ីសាកេត ឈ្មោះ ភូណៃ វីឡា បញ្ចេញ​មតិ​របស់​ខ្លួន​ថា ការ​រៀន​អក្សរ​ខ្មែរ​នេះ ប្អូន​បាន​ចេះ​ដឹង​អំ​ពី​ភា​សា អក្សរ និង​អារ្យ​ធម៌​ខ្មែរ ព្រម​ទាំង​សិល្បៈ ដូច​មាន​នៅ​ប្រា​សាទ​តា​មាន់​ជា​ដើម ៖ “ក្នុង​អប់​រំ​អារ្យ​ធម៌ ភា​សា​ខ្មែរ ខ្ញុំ​ចេះ​សរ​សេរ​អក្សរ​ខ្មែរ​បាន​ដូច​ជា ភ្នែក មាត់ សក់ ហើយ​ភា​សា ដូច​ជា ម៉ែ ម្ដាយ ឪពុក បង​ប្រុស បងស្រី ប្តី ប្រ​ពន្ធ។ មិន​សូវ​យ៉ាប់​ទេ​បាទ”។

លោក ប៊ុនរឿង គុជម៉ា ថ្លែងថា ការបង្រៀនអក្ខរកម្មនៅក្នុងការបោះ​ជំរំ​ឈ្មោះ “អារ្យ​ធម៌​ខ្មែរ” នេះ មាន​ទាំង​គ្រូ​​ទៅ​ពី​ស្រុក​ខ្មែរ​ផង និង​គ្រូ​នៅ​ក្នុង​ខេត្ត​សុរិន្ទ​ផង។

នាយករងសាលាគរុកោសល្យ និងវិក្រិតការខេត្តសៀមរាបមួយរូប ដែលត្រូវបាន​អញ្ជើញ​ឱ្យ​ទៅ​ចូល​រួម​បង្រៀន​អក្សរ​ខ្មែរ នៅ​ក្នុង​ការ​បោះ​ជំរំ​សិក្សា​នោះ​ដែរ លោក អន ឈុត បាន​លើក​ឡើង​ថា ទាំង​គ្រូ និង​សិស្ស​មាន​ឆន្ទៈ​ចង់​ចេះ​អក្សរ​ខ្មែរ ៖ “ទាំង​គ្រូ និង​សិស្ស ដែល​គាត់​អញ្ជើញ​មក​ចូល​រួម​ហ្នឹង គឺ​មាន​ការ​ឆាប់​ទទួល​បាន​នូវ​ចំ​ណេះ​ដឹង ដែល​យើង​ផ្ដល់​ទៅ​ឱ្យ​គាត់ ទាំង​ការ​និយាយ ទាំង​ការ​សរ​សេរ។ ក៏​ប៉ុន្តែ ការ​សរ​សេរ​នៅ​មិន​ទាន់​បាន​ស៊ី​ជម្រៅ​ប៉ុន្មាន​ទេ”។

យុវសិស្សមកពីស្រុកប្រាសាទ ខេត្តសុរិន្ទ ឈ្មោះ ចន ម៉ៃសំរ៉ាន ថ្លែងអំពីចំណាប់​អា​រម្មណ៍​របស់​ខ្លួន​ថា ការ​បោះ​ជំ​រំ​អប់​រំ​ភា​សា​ខ្មែរ ធ្វើ​ឱ្យ​ប្អូន​បាន​ចេះ​សរ​សេរ​ពាក្យ​ពេចន៍​មួយ​ចំ​នួន ដូច​ជា​គ្រឿង​ប្រើ​ប្រាស់​ផ្ទះ​បាយ បន្លែ និង​ផ្លែ​ឈើ ៖ “គ្រឿង​គ្រៅ​ដូច ជា​មាន​ឆ្នាំង វែក​ឆា ជ្រុញ ស្លាប​ព្រា។ ខាង​ផ្លែ​ឈើ​មាន​ចេក ដូង ស្វាយ។ ខាង​អន្លក់ គឺ​មាន​ត្រ​សក់ ត្រប់ ប៉េង​ប៉ោះ ជាដើម”។

យុវសិស្សម្នាក់ទៀតមកពីខេត្តប៊ុរីរ៉័ម ឈ្មោះ វីឡៃផន រៀប​រ៉យ រៀប​រាប់​អំ​ពី​ឈ្មោះ​រាង​កាយ​ថា ៖ “ដៃ ជើង ច្រ​មុះ ភ្នែក មាត់”។

ចាងហ្វាងសាលារៀនប្រាសាទវិទ្យ៉ាខាន ខេត្តសុរិន្ទ លោក ផៃចៈយ៉ុន ចាន់​តៈ​ខេត ថ្លែង​ឱ្យ​ដឹង​ថា ខាង​មជ្ឈ​មណ្ឌល​ធ្លាប់​បាន​​ចុះ​ហត្ថ​លេ​ខា​លើ​អនុស្ស​​រណៈ​ជា​មួយ​សា​លា​ រៀន សម្ដេច​ឪ នៅ​ខេត្ត​សៀម​រាប ទាក់​ទង​នឹង​ការ​សិក្សា​ភា​សា​ខ្មែរ​នេះ។ លោក​បន្ត​ថា នៅ​ពេល​អនា​គត លោក​មាន​គម្រោង​ផ្លាស់​ប្ដូរ​គ្រូ និង​សិស្ស​រវាង​ប្រ​ទេស​ទាំង​ពីរ៖ “បើ​ថា​ស្រុក​ស្រែ​យើង​ស្រួល​បួល ទាក់​ទង​គ្នា​បាន យើង​ចង់​ឱ្យ​គ្រូ​ខាង​ខ្មែរ​មក​បង្រៀន​ខាង​ថៃ គ្រូ​ខាង​ថៃ​ចុះ​ទៅ​បង្រៀន​ភា​សា​ថៃ​នៅ​​ខាង​ខ្មែរ។ តទៅ​មុខ​យើង​ចង់​ប្ដូរ​យ៉ាង​អ៊ី​ចេះ ព្រោះ​អី​យើង​ចង់​ឱ្យ​កើត​ជា​បង​ប្អូន​គ្នា ស្គាល់​គ្នា​ឱ្យ​បាន​ជួប​គ្នា បាន​សួរ បាន​និ​យាយ​គ្នា​ឱ្យ​ឃើញ​អារ្យ​ធម៌​ពី​ដើម​ជុំ​គ្នា”៕ អត្ថបទដកស្រង់៖ www.rfa.org/khmerhttp://www.rfa.org/khmer/indepth/khmer_surn_learn_khmer-12272010025737.html from 3khmer

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

What’s this?

You are currently reading >សិស្សខ្មែរសុរិន្ទបោះជំរំរៀនភាសាខ្មែរ at Rath, Muni's Resources.

meta

%d bloggers like this: